ភ្នំពេញ ៖ ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការ ក្រសួង តបតាមការអញ្ជើញរបស់ឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន៖ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អញ្ជើញចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២។សន្និសីទនេះ ប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលសំខាន់ៗមកពីជុំវិញពិភពលោក និងអ្នកជំនាញមកពីអង្គការអន្តរជាតិពាក់ព័ន្ធនានាផងដែរ។សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើប្រធានបទមួយចំនួនរួមមាន៖ តួនាទីនៃការដឹកជញ្ជូនចីរភាពក្នុងការការលុបបំបាត់ភាពក្រីក្រ ការជំរុញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ការតភ្ជាប់សកល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថ្នាក់តំបន់ នវានុវត្តន៍ និងទីក្រុងចីរភាព។ថ្លែងក្នុងសន្ទរកថាគន្លឹះទៅកាន់អង្គសន្និសីទនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារ សំខាន់នៃតួនាទីវិស័យដឹកជញ្ជូនក្នុងការជំរុញកំណើនសេដ្ឋកិច្ចដើម្បីកាត់បន្ថយក្រក្រី គោលនយោបាយ អាទិភាពនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលរួមមាន៖ (១) ការស្តារវិស័យដឹកជញ្ជូន និងបណ្តាញដឹកជញ្ជូនពហុមធ្យោបាយ ដើម្បីតភ្ជាប់ផ្ទៃក្នុងប្រទេស និងអន្តរជាតិ (២) ការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មរស់រវើក ដើម្បីពង្រឹងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច (៣) គោលនយោបាយបង្កើតការងារធ្វើ កាត់បន្ថយភាពក្រក្រីតាមរយៈការតភ្ជាប់ផ្លូវជនបទ ការពារបរិស្ថាន និងធ្វើប្រសើរឡើងដល់សុវត្ថិភាពចរាចរណ៍។ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៤ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទទួលស្វាគមន៍ទេសចរណ៍ នៅពេលកម្ពុជាបើកប្រទេសឡើងវិញក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនប្រជាជនបានចំនួន៨៤% ដើម្បីត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរណ៍ និងវិនិយោគិន ហើយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងឡាយ ជាពិសេស រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រប្រកបដោយសប្បុរសផ្តល់វ៉ាក់សាំងជូនពលរដ្ឋបានទាន់ពេលវេលា។ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញកម្ពុជាចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកលនៃអង្គការសហប្រជាជាតិលើកទី២ និងដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា