ខេត្តមណ្ឌលគិរី ៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៃភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋ ដែលកំពុងជាប់ នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឲ្យបានល្អ ពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឲ្យបានពីការចម្លងនៃជំងឺកូវីដ-១៩។ បន្ថែមលើសនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឫមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧អង្សាសេ និងរោគសញ្ញាផ្សេងៗទៀត ដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមទាំងសហការី បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យ ដែលកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ ឲ្យត្រូវបន្តខិតខំយកចិត្តទុកដាក់ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមការណែនាំរបស់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល។នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងជាប់ នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៃភូមិឆ្នែងចំនួន ១៣០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ២០គីឡូក្រាម រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាបជួយសម្រួលការហូបចុកប្រចាំថ្ងៃផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា