មណ្ឌលគិរី៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម ងី ច័ន្រ្ទផល អមដំណើរដោយ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីរាជការ បានអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និង៣០៣ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា នៅតាមបន្ទាន់ព្រំដែនកម្ពុជាវៀតណាមប្រវែងជាង៣០០គីឡូម៉ែត្រ មានតំបន់ជាច្រើនបានឯកភាពរួចហើយ ប៉ុន្តែមានចំណុចដាក់ដាំ និងដាក់មីល មិនទាន់បានឯកភាពគ្នានៅឡើយ ហើយសង្កេតឃើញថា ភាគីខាងវៀតណាម បានខិតចូលស្ទើរតែដល់ចំណុចសូន្យ ខណៈភាគីកម្ពុជាមិនហ៊ានទៅប៉ះពាល់ចំណុចហាមឃាត់នោះទេ។ ឯកឧត្ដម អភិបាលខេត្តមណ្ឌលគិរីបន្តថា ក្រោយពេលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភាគីវៀតណាម បានបោះតង់ចំនួន១៤កន្លែង ក្រោមហេតុផលថាទប់ស្កាត់ជំងឺកូវីដ១៩ ប៉ុន្តែទីតាំងទាំងអស់នោះបានឯកភាពរួចហើយ ឯកឧត្ដម ក៏បានបញ្ជាឲ្យកម្លាំងនគរបាលព្រំដែននៅតាមចំណុចទាំងនោះ យាមកាមគ្រប់ ពេលវេលា នឹងត្រូវធ្វើការហាមឃាត់ភ្លាមប្រសិនមានការបំពាន ធ្វើយ៉ាងណាការពារឲ្យបាននូវបូរណភាពទឹកដីរបស់កម្ពុជា។ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ទៀតថា នៅអំឡុងពេលកូវីដ-១៩នេះ កម្ពុជាមិនទាន់មានករណីឆ្លងកូវីដ១៩ពីប្រទេសវៀតណាមទេ ចំណែកការដោះដូរទំនិញគ្នា គឺធ្វើឡើងនៅចំណុចសូន្យ តាមបណ្ដាច្រកទ្វារព្រំដែនទ្វេរភាគី។ ឯកឧត្ដម បានដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលព្រំដែន តាមពិនិត្យមើលបង្គោលព្រំដែនដែលឯកភាពរួចហើយ ក្រែងមានការដួលរលំ ឬបាក់ស្រុត ដែលធ្វើឲ្យបាត់តម្រុយបង្គោលព្រំដែន ករណីបែបនេះត្រូវរាយការណ៍បន្ទាន់ ដើម្បីភាគីកម្ពុជា-វៀតណាម អាចដោះស្រាយបញ្ហាបានទាន់ពេលវេលា ។ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ក្រសួងមហាផ្ទៃនឹងរៀបចំការប្រជុំមួយតាមប្រព័ន្ធZOOMជាមួយភាគីប្រទេសវៀតណាម ដើម្បីលើកឡើងអំពីរបាយការណ៍ស្ថានភាពព្រំដែនដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានរាយការណ៍នៅពេលនេះ ដើម្បីរកដំណោះស្រាយរួមគ្នា។ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្តថា រាល់សំណូមទាំងអស់របស់ កងកម្លាំងនគរបាលការពារព្រំដែនលើកឡើងនាពេលនេះ មានការស្នើសុំសាងសង់ប៉ុស្តិ៍ការពារព្រំដែនបន្ថែម ឯកឧត្ដម ទទួលយក នឹងធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ដើម្បីសម្រេច។ ឯកឧត្ដម ងី ច័ន្ទ្រផល បានដាក់វិធានការឲ្យកម្លាំងនគរបាលត្រូវការពារតំបន់ព្រំដែនដែលមិនទាន់ឯកភាព និងថែរក្សាតំបន់ដែលឯកភាពគ្នារួចហើយ ។ នាឱកាសនោះ ឯកឧត្ដម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បាននាំយកអំណោយជូនដល់កងកម្លាំងការពារព្រំដែនគោកលេខ៦២១ និង៣០៣ រួមមាន ថវិកាចំនួន ១៣លានរៀល អង្ករ២តោន រួមជាមួយគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ ព្រមទាំងសូឡាបំភ្លឺ ៣០អំពូល អាកុល ១២០លីត្រ ម៉ាស់៤កេះ និងភួយចំនួន២៦០ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា