ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ក្នុងជំនួបនេះ ឯកឧត្តម Takahashi Fumaiki បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានវាយតំលៃខ្ពស់ ចំពោះចំណាត់ការរបស់សម្ដេចតេជោ និងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមបានសំដែងនូវការអបអរសាទរ និងគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីនាំប្រតិភូអ្នកវិនិយោគធុនកណ្ដាល មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែមេសាខាងមុខ។ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពស្នើសុំសម្ដេចតេជោ ប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចតេជោដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង ។ លើសពីនេះទៅទៀតឯកឧត្តមក៏បាន គោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាព ការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត ដែលឯកឧត្តមបានធ្វើការដោះស្រាយ មួយចំនួនរួចហើយ។ការឆ្លើយតប សម្ដេចតេជោ សែនបាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Takahashi Fumaiki ហើយបានជម្រាបជូនទៅឯកឧត្តម អំពីវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា ។ សម្តេចតេជោបានស្វាគមន៍ចំពោះគណៈប្រតិភូ អ្នកវិនិយោគ ធុនកណ្ដាល ដែលឯកឧត្តមមានបំណងនាំមកកម្ពុជា។សម្ដេចតេជោក៏បានទទួលស្វាគមន៍ និងសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចតេជោក៏បានណែនាំទៅដល់ឯកឧត្តម សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្ត ជាមួយនឹងសាលារាជធានីភ្នំពេញ។ពាក់ព័ន្ធទៅនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំជូនឯកឧត្តម សុខ ចិន្តាសោភា ផងដែរ សូមឱ្យឯកឧត្តម សហការសម្របសម្រួលជាមួយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម គឺ ឯកឧត្តម លឹម គានហោ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀត ក្នុងការអនុញ្ញាតឱ្យប្រតិភូ របស់ ឯកឧត្តម Takahashi Fumaiki ដើម្បីធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងករណីនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
វីដែអូ
ចំនួនអ្នកទស្សនា