ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ និងសហការី ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូសន្និសីទ។ក្នុងជំនួបពិភាក្សាការងារនេះ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានលើកឡើងនូវចំណុចធំសំខាន់ៗចំនួន០៥ ដែលរួមមាន ៖ ទី១-ពាក់ព័ន្ធវិវាទការងារ, ទី២-អំពីកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២,ទី៣-ករណីមួយចំនួនពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម និងការបាត់ខ្លួនរបស់បុគ្គលមួយចំនួន, ទី៤-ពាក់ព័ន្ធទៅនឹងស្ថានភាពនៃពន្ធនាគារនៅកម្ពុជា និងទី៥-ពាក់ព័ន្ធទៅនឹងជនភៀសខ្លួនចូលមកកម្ពុជា។នាឱកាសនោះ ចំពោះបញ្ហាទី១ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានជម្រាបជូនសម្តេចក្រឡាហោម ដោយផ្ដោតសំខាន់ទៅលើវិវាទការងាររវាង ក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិករបស់ក្រុមហ៊ុន ជាមួយគ្នានោះសម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា សម្ដេច តែងតែអំពាវនាវ និងជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយមួយសមស្រប តាមរយៈការសម្របសម្រួលដោយពីភាគីពាក់ព័ន្ធ។សម្ដេចក្រឡាហោម ក៏បានជម្រាបជូនបន្ថែមថា មកដល់ពេលនេះ អ្នកដែលត្រូវបានឃាត់ខ្លួនមួយចំនួន ក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកនូវដំណោះស្រាយការចរចារវាងភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្ត និងជំរុញឱ្យបន្ដប្រកាន់យកវិធានការចរចានេះ ដើម្បីធ្វើយ៉ាងណាឈានទៅរកដំណោះស្រាយ និងបញ្ចប់បញ្ហានេះឱ្យបានកាន់តែឆាប់ និងកាន់តែប្រសើរឡើង។ដោយឡែកចំពោះបញ្ហាទី២ ស្តីពីកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០២២ សម្ដេចក្រឡាហោម ក៏បានជម្រាបជូន លោកសាស្រ្តាចារ្យ ថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងរៀបចំដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ អាណត្តិទី៥ ដែលនេះជាការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់ថ្នាក់ក្រោមជាតិផងដែរ។បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម បានជម្រាបជូនបន្ដថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ឆ្នាំ២០២២នេះ ក៏មានគណបក្សនយោបាយចំនួន ១៧ ចូលរួមនៅក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ ដែល សម្តេច បានបញ្ជាក់ថា សម្តេចតែងតែលើកឡើងនៅក្នុងវេទិកានានា ព្រមទាំងចេញសេចក្ដីណែនាំ ដើម្បីធ្វើយ៉ាងណាឱ្យអាជ្ញាធរនៅថ្នាក់ក្រោមជាតិជួយសម្រួលដល់ការធ្វើសកម្មភាពនានារបស់គណបក្សនយោបាយនៅតាមមូលដ្ឋាន។បញ្ហាទី៣- ពាក់ព័ន្ធទៅនឹងការបាត់ខ្លួន និងករណីឃាតកម្មមួយចំនួន ដែលបានកើតឡើងនាពេលកន្លងមក សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា ករណីខ្លះបាននិងកំពុងស្ថិតនៅក្រោមសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ចំពោះករណីខ្លះទៀតអាជ្ញាធរមានសមត្ថកិច្ច ក៏បាននិងកំពុងបន្តនីតិវិធីស្រាវជ្រាវ រីឯករណីមួយចំនួនទៀតកំពុងត្រូវបានស្ថាប័នតុលាការធ្វើការសម្រេចរួចរាល់ហើយដែរ។ចំពោះបញ្ហាទី៤- ពាក់ព័ន្ធស្ថានភាពអ្នកជាប់ពន្ធនាគារ សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងផងដែរថា ចំនួនអ្នកជាប់ឃុំនៅកម្ពុជា មានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០%ជាអ្នកត្រូវបានជាប់ឃុំ ដោយសារតែពាក់ព័ន្ធករណីគ្រឿងញៀន ។ សម្រាប់បញ្ហាប្រឈមនៅក្នុងពន្ធនាគារ ដែលកំពុងមានភាពចង្អៀតណែននេះដែរ ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងកំពុងតែគិតគូរ លើកលែងការឃុំឃាងរង់ចាំនីតិវិធីតុលាការ ចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីសម្រាលបន្ទុកដល់បញ្ហាចង្អៀតណែននេះ។ដោយឡែក បញ្ហាទី៥ពាក់ព័ន្ធទៅនឹងជនភៀសខ្លួន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រួសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងនាមប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីនៃអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១ កម្ពុជាបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវរាល់កាតព្វកិច្ចរបស់ខ្លួន ដោយបានសហការជាមួយអង្គការ UNHCR ក្នុងការជួយសម្របសម្រួលដល់កិច្ចការនេះផងដែរ រួមទាំងជនភៀសខ្លួនដទៃទៀត ដែលកំពុងមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា។ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នោះ លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នូវកិច្ចពិភាក្សាប្រកបដោយន័យស្ថាបនា និងការយោគយល់គ្នាទៅវិញទៅមក។ ជាមួយគ្នានេះ សម្តេចក្រឡហោម ស ខេង ក៏បានជម្រាបជូន លោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន ថា សម្តេច ក៏បានត្រៀមខ្លួនជានិច្ចក្នុងការជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ នាឱកាសក្រោយៗទៀតតាមការចាំបាច់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា