ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Lorenzo Galanti ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី និងសហការី ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ដែលតែងតែផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្ពុជា ជាពិសេសក្នុងបរិការណ៍កូវីដ-១៩ ដែលប្រទេសនេះបានឧបត្តម្ភវ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១,០៥៦,០០០ ដូស ដល់កម្ពុជា នាពេលថ្មីៗនេះ។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ដែលអនុញ្ញាតឲ្យកម្ពុជាអាចបើកប្រទេស ដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ និងថ្មីៗនេះឈានទៅដល់ការលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ខណៈដែលកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តឧស្សាហកម្មទី៤ វិស័យពាណិជ្ជកម្មនិងការវិនិយោគ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្រាប់កិច្ចស្វាគមន៍ និងបានទទួលស្គាល់នូវល្បឿននៃការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសវឌ្ឍនភាពថ្មីៗក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ក្នុងនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីតាលី ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះពិព័រណ៍ពិភពលោកនៅទីក្រុងរ៉ូមឆ្នាំ២០៣០ ខាងមុខ។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសូមជូនពរឲ្យសាធារណរដ្ឋអ៊ីតាលី ទទួលបានជោគជ័យ និងការគាំទ្រពីសមាជិកនៃ BIE ចំពោះដំណើរការបោះឆ្នោតខាងមុខ ក្នុងអំឡុងសន្និសីទប្រចាំឆ្នាំរបស់ Bureau International of Expositions នៅឆ្នាំ២០២៣។ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងសាជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែមានភាពរឹងមាំ បន្ថែមទៀត តាមរយៈការទាក់ទាញអ្នកវិនិយោគអ៊ីតាលីមកកម្ពុជាដើម្បីផ្លាស់ប្តូរព័ត៌មាន ធ្វើកិច្ចសម្រួលពាណិជ្ជកម្ម និងពិនិត្យពីសក្តានុពលដែលកម្ពុជាមាន ដូចជាវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងវិស័យទេសចរណ៍។គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី សម្រេចបានប្រមាណ ៣៤៨.៣ លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ និង៣៧៥.៣លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ (កំណើន ៧.៧៤%)។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី បានថយមកត្រឹម ៣៣១.៦ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ (ថយចុះ១១.៦៤%) ហើយកើនឡើងវិញបន្តិចបន្ទួចនៅឆ្នាំ២០២១ដែលមានចំនួន ៣៣៤លានដុល្លារអាមេរិក៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា