ភ្នំពេញ ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅក្នុងសារនាឱកាសអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ភាគីពាក់ពន្ធ័ ក៏ដូចជាស្ថាបន័អនុវត្តន៍ច្បាប់ប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីដំណើរការនីតិវិធីនៃពាក្យបណ្តឹងប្រឆាំងអ្នសារពត៌មាន។តាមសារដែលត្រូវបានផ្សព្វផ្សាយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកទ្បើងថា តាមការកត់ត្រា និងសង្កេតរបស់ ក.អ.ក ឃើញថា រយៈពេលមួយឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មានទាំងអស់បានខិតខំបំពេញការងារយ៉ាងសកម្ម និងបានបំពេញតួនាទីយ៉ាងល្អក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋទោះជាវិបត្តិកូវីដ ១៩ បានធ្វើឲ្យការងាររបស់ពួកគេជួបការលំបាកយ៉ាងខ្លាំងក៏ដោយ។ អ្នកសារព័ត៌មាននៅតែអាចដើរតួនាទីក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋអំពីជំងឺកូវីដ ១៩, ការចាក់វ៉ាក់សាំង និងបញ្ហាសង្គម សេដ្ឋកិច្ចជាច្រើនទៀតដោយពួកគេបានពុះពារគ្រប់ឧបសគ្គដើម្បីបុព្វហេតុផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ វិបត្តិកូវីដ១៩ ក៏បានផ្តល់មេរៀននិងបទពិសោធថ្មីៗ ជាច្រើនដល់អ្នកសារព័ត៌មានក្នុងការបំពេញការងារក្នុងស្ថានភាពលំបាក ដែលពួកគេមិនធ្លាប់បានជួបប្រទះកាលពីមុន។ ក្លិបអ្នកកាសែតកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានក្នុងដំណាក់កាលដ៏លំបាកនេះ។ទន្ទឹមនឹងនោះ ការរីកលូតលាស់នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញវិស័យសារព័ត៌មានឲ្យមានការប្រែប្រួលគួរឲ្យកត់សម្គាល់ដែរ។ អ្នកសារព័ត៌មានមួយចំនួនដែលពីមុនមិនចេះប្រើឬមិនស្ទាត់ក្នុងការប្រើកុំព្យូទ័រឬទូរស័ព្ទស្មាតហ្វូន ដើម្បីបម្រើឲ្យការងាររបស់ខ្លួន បានខិតខំអភិវឌ្ឍន៍ខ្លួនយ៉ាងលឿនរហ័សរហូតអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបទាំងអស់នេះបានគ្រប់ៗគ្នាដើម្បីសម្រួលការទទួល និងការផ្សាយព័ត៌មានបានឆាប់រហ័សជាងមុន។ ចំណែកឯសារព័ត៌មានបែបប្រពៃណី ( កាសែតបោះពុម្ព វិទ្យុ និងទូរទស្សន៍) ក៏បានខិតខំផ្សារភ្ជាប់ការងាររបស់ខ្លួនទៅនឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីរត់ឲ្យទាន់ការវិវឌ្ឍន៍យ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាសម័យទំនើប។ បើទោះបីជាកាសែតមួយចំនួនបានបញ្ឈប់ការបោះពុម្ព ក៏សារព័ត៌មានទាំងនោះនៅតែអាចបន្តការផ្សាយបានតាមរយៈ Digital Platform របស់ខ្លួនដដែល។ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ពោលគឺចន្លោះពីថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២២ ក្លិបអ្នកកាសែតកម្ពុជាក៏បានកត់ត្រាបញ្ហាដែលបានកើតឡើងចំពោះអ្នកសារព័ត៌មាន ដែលមានដូចខាងក្រោម៖១/ ពាក្យបណ្ដឹងប្រឆាំងអ្នកសារព័ត៌មាន៖ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មានពាក្យបណ្តឹងសរុប៥ ករណីដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មានហើយបើប្រៀបធៀបទៅនឹងឆ្នាំមុនចំនួនពាក្យបណ្តឹងមានការថយចុះ១ករណី ។ គួរកត់សម្គាល់ថា ក្នុងចំណោមពាក្យបណ្ដឹងខាងលើគឺមានបណ្តឹងចំនួន៤ ត្រូវបានក្រសួងព័ត៌មាននិងក្លិបអ្នកកាសែតកម្ពុជាសហការសម្របសម្រួលដោះស្រាយបញ្ចប់រួចរាល់។ ចំណែកបណ្ដឹង១ករណីទៀតកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។២/ ការឃាត់ខ្លួន-ចាប់ខ្លួន៖ ការឃាត់ខ្លួននិងចាប់ខ្លួនអ្នកសារព័ត៌មានក្នុងរយៈពេលមួយឆ្នាំនេះ មានចំនួន៣៣នាក់។ ចំនួននេះបើប្រៀបធៀបឆ្នាំមុនមានការកើនឡើងចំនួន៨ នាក់ ក្នុងនោះ មាន៣នាក់ត្រូវបានឃាត់ខ្លួនពេលកំពុង Live ក្នុងតំបន់ហាមឃាត់។ ចំណែកការចាប់ខ្លួនដោយបទល្មើសផ្សេងៗទៀតមានចំនួន២នាក់ គឺបទកាន់កាប់អាវុធកែច្នៃដោយខុសច្បាប់និងការចែកចាយគ្រឿងញៀន។ អ្នកសារព័ត៌មាន៣០នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនពីបទកំហែងយកឬជំរិតទារ ប្រាក់។ យ៉ាងណាក៏ដោយ អ្នកសារព័ត៌មានស្ទើរតែទាំងអស់ត្រូវបានដោះលែងវិញក្រោយឃាត់ខ្លួនរយៈពេលខ្លី បន្ទាប់ពីមានការសម្របសម្រួលនិងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច។៣/ ការប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ចពេលចុះបំពេញការងារ៖ មានអ្នកសារព័ត៌មានមួយចំនួនបានប៉ះទង្គិចជាមួយសមត្ថកិច្ចកំឡុងពេលចុះអនុវត្តន៍ច្បាប់ ឬរៀបចំសណ្ដាប់ធ្នាប់សន្តិសុខសាធារណៈ នៅពេលពួកគេចុះយកព័ត៌មាន ដូចជាករណីការចុះយកព័ត៌មានក្នុងកំឡុងពេល ដែលសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់នៃការតវ៉ារបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើល និងក្នុងកំឡុងពេលរឹតបន្តឹងវិធានការសុខាភិបាលនៅពេលកូវីដ១៩ ផ្ទុះខ្លាំងកាលពីពេលកន្លងទៅជាដើម។ ទោះយ៉ាងណាការប៉ះទង្គិចគ្នានេះមិនបង្កបញ្ហាធ្ងន់ធ្ងរទេ។៤/ ការផ្អាកអាជ្ញាប័ណ្ណ៖ ក្រសួងព័ត៌មានសម្រេចផ្អាកអាជ្ញាបណ្ណ័សារព័ត៌មានចំនួន៥ ក្រោមហេតុផលផ្សព្វផ្សាយព័ត៌មានបំពានលើក្រមសីលធម៌វិជ្ជាជីវៈ ផ្ទុយពីកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ទោះយ៉ាងណា ស្ថាបន័សារព័ត៌មានមួយត្រូវបានក្រសួងអនុញ្ញាតឲ្យដំណើរការផ្សព្វផ្សាយទ្បើងវិញបន្ទាប់ពីមានការសម្របសម្រួល។បន្ទាប់ពីសិក្សាទៅលើបញ្ហាទាំងឡាយដែលកើតឡើង ក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា រាល់បញ្ហាដែលបានកើតឡើងគឺមួយផ្នែកបណ្តាលមកពីកំហុសវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយផ្នែកទៀតមកពីអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូចដែលមិនយល់ច្បាស់ពីការងាររបស់អ្នកសារព័ត៌មាន ហើយបានចាត់វិធានការលើសលស់មកលើអ្នកសារព័ត៌មាន ខណៈដែលសមត្ថកិច្ចជាច្រើនទៀតបានយល់និងបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយអ្នកសារព័ត៌មាន។ ចំណែកបញ្ហាមួយផ្នែកទៀតបណ្តាលមកពីចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលមិនអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ ដូច្នេះ ដើម្បីធានាឲ្យការអនុវត្តសេរីភាពសារព័ត៌មានប្រព្រឹត្តទៅដោយរលូននិងបានជាប្រយោជន៍ដល់សាធារណជននិងសង្គម ក្លិបអ្នកកាសែតកម្ពុជាសូមអំពាវនាវសារជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់សូមគោរពឲ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈដើម្បីរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ក៏ដូចជាបង្កើតបាននូវជំនឿចិត្តរបស់មហាជនមកលើសារព័ត៌មាន។ដោយយល់ឃើញថា ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនៅតែជាសេចក្តីត្រូវការចាំបាច់ ក្លិបអ្នកកាសែតកម្ពុជាទើបតែបានធ្វើបច្ចុប្បន្នភាពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយបំពេញបន្ថែមចំណុចមួយចំនួនសម្រាប់ជាជំនួយស្មារតីដល់សមាជិកសមាជិការបស់ក្លិបក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ក្នុងពេលអនុវត្តការងារ។ទន្ទឹមនឹងនោះ ក្លិបអ្នកកាសែតកម្ពុជានឹងបន្តបេសកកម្មបណ្តុះបណ្តាលអ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានក៏ដូចជាពង្រឹងសេរីភាពសារព័ត៌មាននៅកម្ពុជាប្រកបដោយការទទួលខុសត្រូវ។ក្លិបអ្នកកាសែតកម្ពុជា ក៏សូមអំពាវនាវដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូចដូចបានលើកឡើងខាងលើសូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូ និងផ្តល់កិច្ចសហការបន្ថែមទៀតជាមួយអ្នកសារព័ត៌មានដើម្បីបើកលំហនៃការទទួលនិងការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីដែលមានពាក្យបណ្តឹងពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន សូមភាគីពាក់ព័ន្ធក៏ដូចជាស្ថាប័នអនុវត្តច្បាប់ប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីដំណើរការនីតិវិធីនៃពាក្យបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន។ក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា មានតែការអនុវត្តតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវរៀងៗខ្លួន បូកផ្សំនឹងការយោគយល់គ្នា និងការគោរពផ្តល់តម្លៃគ្នាទៅវិញទៅមករវាងអ្នកសារព័ត៌មាននិងភាគីពាក់ព័ន្ធទាំងអស់ទេទើបអាចធានាបាននូវផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋនិងសង្គម ក៏ដូចជាការបញ្ចៀសបាននូវរាល់បញ្ហាដែលតែងកើតឡើង។ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២២ នេះ ក្លិបអ្នកកាសែតកម្ពុជា សូមចូលរួមយ៉ាងសកម្មក្លៀវក្លាជាមួយរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន អង្គការយូណេស្កូ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ដើម្បីអបអរសាទរទិវាដ៏មានអត្ថន័យនេះក្នុងន័យគាំទ្រនិងលើកស្ទួយវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាសេរីភាពសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែរឹងមាំថែមទៀត។ ក្លិបអ្នកកាសែតកម្ពុជា សូមប្រសិទ្ធពរជ័យដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបវិជ្ជាជីវៈនៅកម្ពុជា សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងអាជីព និងសូមជួបតែព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា