ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២-យុទ្ធនាការជាតិសំដៅលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ ត្រូវបានប្រកាសចាប់ផ្តើមនាថ្ងៃនេះនៅក្នុងទឹកដីខេត្តមណ្ឌលគិរី រៀបចំធ្វើឡើងដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies)។ខេត្តមណ្ឌលគិរីគឺជាខេត្តទី៤ នៃតំបន់ភាគខាងកើតទន្លេមេគង្គដែលបានចូលរួមរៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការ ពារធម្មជាតិដើម្បីបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ និងសម្រាប់មនុស្ស។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះមិនបានកើតឡើង តែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។ ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បងៗ ដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈមមុខនឹងការបាត់បង់។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគំរាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា៖«នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាចាត់វិធានល់ការអភិរក្សបន្ទាន់និងប្រកប ដោយភាពច្នៃប្រឌិតដើម្បីចូលរួមទប់ស្កាត់កត្ដាគំរាមកំហែងចម្បងៗទាំងនេះជាពិសេសពីកត្តាអន្ទាក់។ ដោយសារតែការអភិរក្សមានភាពប្រសើរឡើង ជម្រក ប្រភពទឹក និងកន្លែងរកចំណី ត្រូវបានការពារ យើងសង្កេតឃើញសត្វព្រៃប្រភេទខ្លះមានការកើនឡើង ខ្លះនៅថេរ និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដី។ វិធានការដែលនឹងត្រូវអនុវត្តដើម្បីលុបបំបាត់អន្ទាក់គឺវិធានការច្បាប់ និងវិធានការ សេដ្ឋកិច្ចនឹងត្រូវដើរទន្ទឹមគ្នា»។យុទ្ធនាការនេះត្រូវបានប្រកាសចាប់ផ្តើមនៅក្នុងបណ្តាខេត្តជាច្រើន រួមទាំងខេត្តមណ្ឌលគិរីផងដែរ ដែលបានផ្តោតលើការប្រើប្រាស់វិធីសាស្រ្តប្រព័ន្ធទីផ្សារមានមេត្រីភាពចំពោះការអភិរក្សដើម្បីដោះស្រាយចំពោះវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀតដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិ និងជីវចម្រុះរបស់ប្រទេសកម្ពុជា។ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានថ្លែងគាំទ្រយុទ្ធនាការអន្ទាក់សូន្យផ្តួចផ្តើមរៀបចំឡើងដោយក្រសួងបរិស្ថានដោយឯកត្តមបានគូសបញ្ជាក់ថាយុទ្ធនាការនេះពិតជាមានសារៈសំខាន់ដើម្បីជួយសង្គ្រោះសត្វព្រៃនៅកម្ពុជា។អ្នកនាង Andrea Pavlick នាយកស្តីទីនៃការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៃទីភ្នាក់ងារ USAID ប្រចាំប្រទេស កម្ពុជា បានមានប្រសាសន៍ថា៖ «សត្វព្រៃគឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍន៍ដែលផ្តល់អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន»។ អ្នកនាងបានបន្តថា៖ «សហគ្រាស និងខ្សែច្រវាក់តម្លៃដែលរួមបញ្ចូលវិស័យអេកូទេសចរណ៍ធម្មជាតិ ការកាត់បន្ថយការបំភាយឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+) និងរបស់ប្រើប្រាស់ដែលមានមេត្រីភាពចំពោះការអភិរក្ស ពិតជាអាចផ្តល់នូវការជំរុញទឹកចិត្តដ៏មានឥទ្ធិពលដើម្បីដោះស្រាយវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀតដល់ជីវចម្រុះរបស់ប្រទេសកម្ពុជា»។លោក ញ៉ែម សុធន ប្រធានគ្រប់គ្រងគម្រោងកែវសីមា នៃអង្គការ WCS Cambodia បានថ្លែងថា៖ «ការគំរាមកំហែងដ៏ធំចំពោះពពួកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ គឺការបរបាញ់ដោយមិនរើសមុខ ជាពិសេសតាមរយៈការប្រើប្រាស់អន្ទាក់លួស។ អង្គការ WCS Cambodia ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន ប្តេជ្ញាពង្រឹងវិធីសាស្រ្ត និងធនធានជាយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់សត្វខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៃខេត្តមណ្ឌលគិរី»។លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា៖ «ស្របគ្នានេះ វិធានការរួម និងការពង្រឹងការអនុវត្តច្បាប់ដ៏តឹងរឹង គឺជាការចាំបាច់បំផុតដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងបិទចោលនូវរាល់ទីផ្សារលក់ដូរសត្វព្រៃគ្រប់ប្រភេទ’»។ លោកបានបន្តថា «មធ្យោបាយសំខាន់ក្នុងការដោះស្រាយបញ្ហាឫសគល់នៃការបរបាញ់ និងការជួញដូរសត្វព្រៃ គឺដើម្បីធានាថាប្រជាជនរស់នៅក្នុង និងនៅខាងក្រៅតំបន់ការពារធម្មជាតិ អាចចូលរួមយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វព្រៃ ដំណោះស្រាយផ្អែកលើមូលដ្ឋានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព»។លោក ប៊ូ វរសក្ស នាយកប្រតិបត្តិនៃអង្គការ NatureLife Cambodia បានថ្លែងថា៖ «ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ យ៉ាងហោចណាស់អន្ទាក់ចំនួន ៥០០ ត្រូវបានរឹបអូស និងប្រមូលដកចេញពីដែនជម្រកសត្វព្រៃលំផាត់ដោយមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ ក្រោមកិច្ចគាំទ្រពីអង្គការ NatureLife Cambodia ខណៈដែលមន្ត្រីឧទ្យានុរក្សបានអន្តរាគមន៍ករណីឧក្រិដ្ឋកម្មសត្វព្រៃចំនួន ១៣ ករណីដាច់ដោយឡែកពីគ្នា។ នេះបង្ហាញថា អន្ទាក់នៅតែជាការគំរាមកំហែងចម្បងដល់សត្វព្រៃរបស់យើង។ យើងសូមទទូចដល់អាជ្ញាធរពាក់ព័ន្ធឲ្យបង្ក្រាបការជួញដូរសាច់សត្វព្រៃខុសច្បាប់នៅតាមទីផ្សារ និងភោជនីយដ្ឋាននានា។ យើងរួមគ្នាការពារសត្វព្រៃរបស់យើង!»។លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «មនុស្សគឺជាផ្នែកនៃបញ្ហា ហើយក៏ជាផ្នែកនៃដំណោះស្រាយចំពោះបញ្ហាដែលយើងឃើញសព្វថ្ងៃនេះទាក់ទងនឹងការជួញដូរសត្វព្រៃខុសច្បាប់»។ លោកស្រីបានបន្តថា៖ «ការផ្លាស់ប្តូរការប្រព្រឹត្តរបស់ពួកគេដើម្បីបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ អាចធ្វើទៅបានអាស្រ័យលើការពង្រឹងសិទ្ធិអំណាចគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេ ដើម្បីឱ្យពួកគេអាចទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនានាដូចជា ការធ្វើកសិរុក្ខកម្មដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួនជាដើម»។លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីនៃអង្គការ Wild Earth Allies Cambodia បានមានប្រសាសន៍ថា៖ «ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសសម្បូរទៅដោយជីវចម្រុះច្រើននៅក្នុងចំណោមប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។ ជីវចម្រុះមួយចំនួននៅក្នុងប្រទេសកម្ពុជា ត្រូវទទួលរងសម្ពាធពីការគំរាមកំហែងផ្សេងៗ។ ក្នុងចំណោមនោះ អន្ទាក់ត្រូវបានគេកំណត់ថាជាការគំរាមកំហែងដ៏ធ្ងន់បំផុតមួយចំពោះសត្វព្រៃ ដែលកំពុងដើរតួនាទីជាប្រភេទយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ក្នុងនាមអង្គការ Wild Earth Allies Cambodia ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការអន្ទាក់សូន្យ និងអំពាវនាវឱ្យប្រជាជនកម្ពុជាបញ្ឈប់ការបរបាញ់ និងជួញដូរសត្វព្រៃតទៅទៀត»។យុទ្ធនាការអន្ទាក់សូន្យត្រូវបានប្រកាសបើកជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ មានគោលដៅលុបបំបាត់រាល់ការដាក់អន្ទាក់គ្រប់ប្រភេទ តាមរយៈការលើកកម្ពស់ការយល់ដឹងសាធារណៈ ការលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួម និងការរៀបចំដាក់ចេញនូវវិធីសាស្រ្តនានាដើម្បីឆ្លើយតបចំពោះគោលដៅអភិរក្សជីវចម្រុះរបស់ប្រទេសកម្ពុជា។ យុទ្ធនាការនេះត្រូវបានប្រារព្ធប្រកាសបើករួចហើយក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ និងក្រចេះ ហើយកំពុងត្រូវបានប្រកាសបើកក្នុងខេត្តមណ្ឌលគិរី រួចនឹងឈានទៅប្រកាសបើកក្នុងខេត្តកំពង់ធំ និងខេត្តរតនគិរីជាបន្តបន្ទាប់ ដោយការបិទបញ្ចប់ត្រូវបានគ្រោងសម្រាប់ខែតុលា ឆ្នាំ២០២២ ខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា