ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានថ្លែងបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។ឯកឧត្ដម ថោង ខុន បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ទីស្តីការក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថាការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជាការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាង ផែនការយុទ្ធសាស្រ្តជាតិនេះឡើង។ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមទៀតថា សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិនេះ ត្រូវបានរៀបចំឡើងផ្អែកលើអភិក្រមនៃការចូលរួម គឺបានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ ក្នុងនោះមានការប្រជុំកម្រិតបច្ចេកទេសចំនួន ៥លើក និងលើកចុងក្រោយ បានដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ កម្រិតអន្តរក្រសួង ដែលមានការចូលរួមពី ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កាលពីថ្ងៃទី២៣-២៤ ខែឧសភាព ឆ្នាំ២០២៣កន្លងទៅ ដែលជាមូលដ្ឋានក្នុងការពិនិត្យ កែសម្រួល និងផ្តល់ធាតុចូលបន្ថែមលើ សេចក្ដីព្រាងនៃឯកសារនេះ ដើម្បីដាក់ឆ្លងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២៣-២០៣៥នេះ មាន ៤ជំពូក ១៣ផ្នែក ដោយដាក់ចេញនូវគោលដៅយុទ្ធសាស្រ្ដចំនួន០៣ និងយុទ្ធសាស្រ្តសំខាន់ៗ ចំនួន១០ ហើយសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ រៀបចំឡើងដោយអនុលោមទៅតាមខ្លឹមសារនៃច្បាប់ស្តីពីទេសចរណ៍ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល និងសេចក្តីព្រាងយុទ្ធសាស្ត្របញ្ចកោណ ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគោលនយោបាយ/យុទ្ធសាស្ត្ររបស់វិស័យពាក់ព័ន្ធផងដែរ។បន្ថែមពីនេះ ដើម្បីឱ្យផែនការយុទ្ធសាស្ត្រជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើឱ្យក្រុមការងារដើម្បីសិក្សា និងរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ទេសចរណ៍ បន្តកែសម្រួលតាមធាតុចូលបន្ថែមរបស់អង្គប្រជុំ និងរៀបចំរបាយការណ៍គោរពស្នើសុំលោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដើម្បីដាក់ឆ្លងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ពិនិត្យ និងសម្រេចចុងក្រោយ មុននឹងដាក់គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឬដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា