ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម វ៉ាង យី បានគោរពពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម នាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនសម្ដេចតេជោ ។ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម មកកាន់កម្ពុជា ជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាព ទីក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប ។ឯកឧត្តម វ៉ាង យី ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលបានទទួលការគាំទ្រពីប្រជាជនលើស ៨០%។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសជាច្រើន បានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយបានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដោយប្រជាជនជាង ៨០% ទៅបោះឆ្នោត នោះសរបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជា បានប្រើប្រាស់សិទ្ធិពេញលេញ ខណៈប្រជាជនជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជនកម្ពុជា បានគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសបន្តទៀត។ ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។ក្នុងន័យនេះ ឯកឧត្តម វ៉ាង យី បានគោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ហើយបានបញ្ជាក់ជូនសម្ដេចតេជោថាដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីបញ្ជាក់ថា ចិន គាំទ្រកម្ពុជា ហើយមានជំនឿថាក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ហើយជាពិសេស កម្ពុជា និងកាន់តែមានភាពរុងរឿងឡើងថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ជាំង និងថ្នាក់ដឹកនាំចិនដទៃទៀត។សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង យី ផងដែរ នៅពាក្យពេចន៍ដ៏ល្អ និងជាពិសេសការគាំទ្ររបស់មិត្តចិន ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា បានដឹងជាមុនថា នឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោតហើយការគាំទ្ររហូតដល់ទៅ ៨៤% គឺជាការអបអរសាទរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា