ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងជាថ្មី ជុំវិញការគិតគូរពីសុខមាលភាព របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ទីប្រជុំជន និងជនបទ ក្នុងនោះសម្តេច បានលើកឡើងថា រាជរដ្ឋាភិបាល បានសម្រេចរួចហើយ ដោយប្រើប្រាស់ថវិកា ឥណទានសម្បទាន ក្នុងការអភិវឌ្ឍមន្ទីរពេទ្យតំបន់ សម្រាប់ជួយសម្រួល និងកាត់បន្ថយការ ចំណាយរបស់ពលរដ្ឋ ។ការរំលេចនូវការប្រើប្រាស់ថវិកា ឥណទានសម្បទាន ដើម្បីពង្រីកក៏ដូចជាអភិវឌ្ឍមន្ទីរពេទ្យតំបន់នេះ ត្រូវបានសម្តេចលើកឡើង ក្នុងឱកាសអញ្ជើញ “បិទសន្និបាត បូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ។សម្តេចធិបតី មានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមីនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឥណទានសម្បទាន ជាមួយ JICA ដើម្បីរៀបចំគម្រោងអភិវឌ្ឍមន្ទីរពេទ្យតំបន់ ចំនួន២ ពោលគឺនៅខេត្តកំពង់ចាម និងនៅខេត្តសៀមរាប ។ ការនេះសំដៅកាត់បន្ថយ ការប្រើប្រាស់ពេលវេលា របស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកសេវាសុខាភិបាល ពោលអាច នៅត្រឹមពេទ្យតំបន់ មិនពិបាកស្វែងរកមន្ទីរពេទ្យធំៗ នៅទីប្រជុំជន ឬនៅរាជធានីភ្នំពេញ តែម្តង ។ កត្តាទាំងនេះ ថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ អំឡុងពេលធ្វើដំណើរ ហើយក៏អាចកាត់បន្ថយការចំណាយ ធនធានមួយផ្នែករបស់ពលរដ្ឋផងដែរ ។សម្តេចធិបតី មានប្រសាសន៍ថា “អីចឹងហើយបានជាអភិក្រមយើងក្រៅពីពង្រឹងពេទ្យថ្នាក់ជាតិ យើងពង្រឹងពេទ្យថ្នាក់កម្រិតក្រោមជាតិ ឥឡូវយើងចាប់ផ្តើមពីពេទ្យថ្នាក់តំបន់ ។ ថ្ងៃក្រោយនៅពេលដែលមានសមត្ថភាព នឹងពង្រឹងទៅតាមបណ្តាខេត្តផ្សេងៗ គ្រប់២៥រាជធានី-ខេត្តតែម្តង ។ កិច្ចការនេះ ធ្វើឡើងដើម្បីបិទគម្លាតរវាងខេត្ត និងរាជធានីតែម្តង”។សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ថ្ងៃក្រោយបើជំងឺធ្ងន់ៗ វះកាត់បេះដូង មហារីក អាចព្យាបាលនៅខេត្តបានហើយ ឬនៅតំបន់ហើយ មិនចាំបាច់មកភ្នំពេញ ។ អីចឹងគម្លាតស្តង់ដារនេះ ថ្ងៃក្រោយគឺយើងលែងលំបាក” ។បើតាមអ្វីដែលសម្តេចធិបតី លើកឡើង បានឲ្យដឹងថា រាជរដ្ឋាភិបាល តាំងពីអាណត្តិមុន បានធ្វើជាបន្តបន្ទាប់ ហើយអាណត្តិនេះ ក៏នឹងបន្តធ្វើដូចគ្នាដែរ ។ក្នុងនោះសម្តេចបានអះអាងថា “សមិទ្ធផលទាំងនេះ មិនមែនសមិទ្ធផលគ្រាន់តែនិយាយនោះទេ យើងបានព្រមហើយ គិតជាតម្លៃ១៤១លានដុល្លារ នៅក្នុងការកសាងពេទ្យ និងពង្រីកគុណភាពពេទ្យ ២នេះ ទៅជាពេទ្យតំបន់ នៅសៀមរាប និងនៅកំពង់ចាម ដូចនេះក្នុងរយៈពេល២ទៅ៣ឆ្នាំទៀត ដែលធ្វើហើយការព្យាបាលជាច្រើន និងអាចវិមជ្ឈការនៅទីនោះ អីចឹងភ្នំពេញក៏អាចថយ ហើយប្រជាពលរដ្ឋក៏អាច មានពេទ្យនៅជិតខ្លួន” ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា “ថ្ងៃក្រោយយើងអាចពង្រីកតំបន់ ទៅតំបន់ផ្សេងៗទៀត នៅក្នុងការធ្វើនេះ ដើម្បីសុខភាពប្រជាជន យើងត្រូវហ៊ានវិនិយោគ” ។សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា”បើទោះមិនអាចម្តងធ្វើហើយទាំងអស់ គ្រប់ទីកន្លែងក៏ដោយ តែជាជំហានដែលទាមទារពេលវេលា ។ ក្នុងនោះការពង្រឹងវិស័យសុខាភិបាល គឺធ្វើយ៉ាងណា នៅក្នុងពីមួយអាណត្តិ ទៅមួយអាណត្តិ កាន់តែមានសមត្ថភាព នៅក្នុងការព្យាបាល ជំងឺប្រជាពលរដ្ឋ និងវិមជ្ឈការការទទួលខុសត្រូវ និងសមត្ថភាព រហូតទៅដល់មូលដ្ឋាន តាមជំហាននេះជាអ្វីដែលយើងចង់បាន ហើយអ្វីដែលត្រូវធ្វើជូនប្រជាពលរដ្ឋ” នេះជាការបញ្ជាក់របស់សម្តេចធិបតី៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា