ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ស្តីពីយុទ្ធសាស្ត្រ ផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេច បាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ១០០% នៅឆ្នាំ២០៣០ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋាន ផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។កិច្ចប្រជុំនេះ មានគោលបំណង ពិនិត្យលើវឌ្ឍនភាពនៃអត្រាគ្របដណ្ដប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទ នាពេលបច្ចុប្បន្ន, ពិនិត្យលើស្ថានភាពនៃកិច្ចសហប្រតិបត្តិការ ជាមួយអង្គការ និងដៃគូអភិវឌ្ឍន៍នានា និងដើម្បីពិនិត្យ ពិភាក្សាលើកផែនការយុទ្ធសាស្ដ្របន្ដដើម្បីសម្រេច ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទ ឱ្យបាន ១០០% នៅឆ្នាំ២០៣០ ជាពិសេសដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។យោងតាមរបាយការណ៍ របស់នាយកដ្ឋានជំនាញបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតជនបទជាមូលដ្ឋាន សម្រេចបាន ៨៣,៣% និងអត្រាគ្របដណ្តប់អនាម័យ ជនបទជាមូលដ្ឋាន សម្រេចបាន ៨៦,៦% ដែលក្នុងនោះ មានរាជធានី ខេត្ត ចំនួន ៦ បានសម្រេចបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ដោយឡែករាជធានី ខេត្ត ចំនួន ៧ទៀតនឹងត្រៀមធ្វើការប្រកាស ទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល (ODF)ផ្លូវការគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានណែនាំឱ្យនាយកដ្ឋានជំនាញទាំងពីរ ដូចខាងក្រោម៖១/ ត្រូវសហការជាមួយ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ទាំង ២៥ ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ រួមមាន ៖ អណ្ដូងស្នប់អាហ្វ្រីដែវ, ស្រះសហគមន៍, ស្ថានីយផលិតទឹកផឹកសហគមន៍, ពាងយក្ស, អាងត្រងទឹកភ្លៀងលក្ខណៈគ្រួសារ, អាងត្រងទឹកភ្លៀងសហគមន៍, ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ស្ថានីយផលិតទឹកពីបរិយាកាស និងបង្គន់អនាម័យ ឱ្យបានច្បាស់លាស់។២/ នាយកដ្ឋានជំនាញទាំងពីរ ត្រូវធ្វើការព្យាករណ៍ និងលើកផែនការ សម្រាប់ឆ្នាំ២០២៨ និងឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្ដ្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល។៣/ រៀបចំអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងពាក់ព័ន្ធ៤/ ត្រៀមរៀបចំពិធីប្រកាសខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាស កាលកម្រិតខ្ពស់ (ODF+) ចំពោះខេត្តទាំង៦ ដែលសម្រេច ODF រួចរាល់ និងធ្វើពិធីប្រកាសខេត្ត ODF ចំនួន ៧ ផ្សេងទៀតនៅចុងឆ្នាំ២០២៤ នេះ គឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។៥/ ត្រូវពង្រឹងការគ្រប់គ្រង នៅថ្នាក់ក្រោមជាតិ លើការងារកែលម្អលក្ខខណ្ឌ នៃការរស់នៅតាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា