ភ្នំពេញ ៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បញ្ជាក់ឲ្យដឹងថា តាមរយៈសមាគមជាសមាជិក បានចូលរួមចំណែកទាក់ទាញវិនិយោគិនបរទេសវិនិយោគនៅកម្ពុជាសរុបចំនួនប្រមាណជាង ១៥ពាន់លានដុល្លារអាម៉េរិក ដោយបានផ្តល់ការងារជូនកម្មករនិយោជិតជាង ៦៤ម៉ឺននាក់។ថ្លែងក្នុងកម្មវិធីបើកឲ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហារសាមគ្គី ក្រោមអធិបតីភាពរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី៩ ឧសភា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា សមាគមថ្មីនេះ កើតចេញពីការផ្តួចផ្តើមរួមគ្នាដោយសមាគមចំនួន៩ រួមមាន៖ សមាគមស្បែកជើងកម្ពុជា, សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា, សភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជាខេមឈីន, សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មចិនស៊ីឈួនឆុងឈីងកម្ពុជា, សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា, សមាគមពាណិជ្ជកម្មកម្ពុជា អានហួយ, សមាគមពាណិជ្ជករនិងវិនិយោគិនខេត្តហ៊ូណាននៅកម្ពុជា និងសមាគមសហភាពអ្នកដឹកនាំ។ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀតនោះ ក្នុងនាមជាប្រធានសមាគម អ្នកឧកញ៉ា លី ឃុនថៃ បានប្តេជ្ញាចិត្តថា នឹងសម្របសម្រួលវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការធ្វើទស្សនកិច្ចទាំងក្នុង និងក្រៅប្រទេសជុំវិញពិភពលោក ដើម្បីជួយផ្សព្វផ្សាយ និងបង្កើនឱកាសវិនិយោគជូនដល់វិនិយោគិន ក៏ដូចជាការរៀបចំនូវព្រឹត្តិការណ៍ និងវេទិកាធុរកិច្ចថ្នាក់ជាតិនិងអន្តរជាតិជាប្រចាំ យ៉ាងតិចឲ្យបាន ៣ ទៅ ៤ដង ក្នុង១ឆ្នាំ ដើម្បីផ្តល់ជាវេទិកាជូនដល់វិនិយោគិនជាតិនិងអន្តរជាតិ មានឱកាសសិក្សាស្វែងយល់ និងស្វែងរកឱកាសសហការវិនិយោគរួមគ្នា និងបន្តចូលរួមក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌នានា ដោយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញពីទឹកចិត្តនៃការចែករំលែក និងលើកកម្ពស់ជីវភាពនៃការរស់នៅប្រកបដោយភាពសុខដុមរបស់ប្រជាជន ជាដើម។អ្នកឧកញ៉ា បានឲ្យដឹងទៀតថា គោលបំណងនៃការបង្កើតសមាគមនេះឡើង ដើម្បីប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ឲ្យមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ការកៀរគរការវិនិយោគទាំងអ្នកនៅក្នុងស្រុក និងមកពីក្រៅស្រុក គឺជាគោលដៅដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា